លោកតា សឿប សឿ អាយុ ៦៥ឆ្នាំ ជាកសិករដែលរស់នៅជាមួយប្រពន្ធ និងចៅ ៤នាក់នៅ ភូមិរាជដូនកែវ ស្រុកឯកភ្នំ។

កាលពីមុនជីវភាពគ្រួសាររបស់លោកតាសឿ មានការលំបាក ដោយគាត់ធ្វើកសិកម្ម និងលក់មាន់សាច់ដើម្បីរកប្រាក់បានតិចតួចសម្រាប់ជីវភាពប្រចាំថ្ងៃ។ ស្របពេលដែលសង្គមមានការរីកចម្រើន និងទំនិញឡើងថ្លៃជាងមុននោះ ជីវភាពរបស់អ្នកចិញ្ចឹមមាន់មិនអាចរកប្រាក់បានគ្រប់គ្រាន់សម្រាប់ចិញ្ចឹមមនុស្សគ្រប់គ្នានៅក្នុងផ្ទះទេបាននោះទេ។ បច្ចេកទេសចិញ្ចឹមសត្វរបស់លោកតាសឿ គឺមានលក្ខណៈបែបប្រពៃណី​ ហើយមិនអាចឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សក្នុងពេលបច្ចុប្បន្នបាននោះទេ។ គួរបញ្ជាក់ផងដែរថា ដោយសារបម្រែ​​​​បម្រួលអាកាសធាតុនៅក្នុងភូមិ ដែលជាហេតុងាយធ្វើឲ្យមាន់ងាប់ នោះជាហានិភ័យខ្ពស់ចំពោះលោកតាសឿ និងក្រុមគ្រួសារដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូល។ លោកតាសឿ បានមានប្រសាសន៍ថា “ខ្ញុំមិនអាចចិញ្ចឹមមាន់បានល្អទេ ខណៈពេលដែលខ្ញុំចិញ្ចឹមមាន់តាមទម្លាប់ និងបច្ចេកទេសចាស់របស់ខ្ញុំ” ដោយយល់ថាការអនុវត្តន៍ទាំងនេះ គឺមិនមាននិរន្តរភាពឡើយ។

នៅឆ្នាំ២០១៥ លោកតាសឿ បានធ្វើការសម្រេចចិត្តកែប្រែជីវិតរបស់គាត់ ដោយបានចុះឈ្មោះជាសមាជិកនៃសមាគមមនុស្សចាស់ (OPA) នៅភូមិរាជដូនកែវ ហើយបន្ទាប់មកគាត់ត្រូវបានគេជ្រើសរើសឱ្យក្លាយជាអ្នកទទួលផលពីគម្រោងបម្រែបម្រួលអាកាសធាតុ (BMZ) នៅស្រុកឯកភ្នំ។

តាមរយៈសមាគម លោកតាសឿ បានចាប់ផ្តើមមានឱកាសថ្មីដូចជាការចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការដាំដំណាំ និងការចិញ្ចឹមសត្វ តាមរបៀបបែបបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ។ តាមរយៈគម្រោងនេះលោកក៏ទទួលបានសម្ភារៈកសិកម្ម ពូជដាំដំណាំ និងមាន់ចំនួន ៥ក្បាល។ “ខ្ញុំបានរៀនសូត្រច្រើនលើការធ្វើកសិកម្មធន់ទ្រាំ និងបន្សុំាទៅនឹងអាកាសធាតុ ដែលខ្ញុំទទួលបានមកពីសមាគម និងគំរោង ហើយខ្ញុំបានអនុវត្តបច្ចេកទេសទាំងនេះទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្ញុំ”

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលលោកតាសឿ អាចផ្លាស់ប្តូរពីបច្ចេកទេសចិញ្ចឹមមាន់បែបប្រពៃណីទៅជាបច្ចេកទេសបែបថ្មី។ ជាលទ្ធផល លោកតា និងក្រុមគ្រួសាររបស់គាត់មានមាន់ជិត ៦០ក្បាលរៀងរាល់ ៣ខែម្តង ហើយអាចរកប្រាក់ចំណូលបានចន្លោះពី ២៥ម៉ឺនរៀលទៅ ៣០ម៉ឺនរៀល (៦២.៥០ ដុល្លារទៅ ៧៥ ដុល្លារ) ។ ឥឡូវលោកតាសឿ អាចផ្គត់ផ្គង់សេចក្តីត្រូវការរបស់គ្រួសារគាត់ ហើយអាចបញ្ជូនចៅៗ ទាំង៤នាក់របស់គាត់ទៅសាលារៀនបានថែមទៀតផង។ ឥឡូវនេះពួកគាត់មានលទ្ធភាពអាចសន្សំប្រាក់បាន ដើម្បីប្រើប្រាស់ក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង។ លោកតាសឿ បានចែករំលែកបច្ចេកទេសជោគជ័យទាំងនេះជាមួយអ្នកជិតខាង និងសមាជិកដទៃទៀតនៃសមាគម (OPA) ។ លោកតាសឿ បានបញ្ជាក់ថា “ខ្ញុំពិតជារីករាយដែលបានចូលរួមជាសមាជិកនៃសមាគម (OPA) និងទទួលបានការកសាងសមត្ថភាព និងការគាំទ្រពីសមាគម ។ ឥឡូវខ្ញុំមានចំណូលច្រើនពីការចិញ្ចឹមមាន់ ហើយខ្ញុំអាចសន្សំបាន ៥,០០០រៀល (១,២៥ ដុល្លារ) ជារៀងរាល់ខែដើម្បីធ្វើឱ្យគ្រួសារខ្ញុំមានសុវត្ថិភាព និងចំណាយថ្លៃព្យាបាលសុខភាពក្នុងករណីមានអាសន្នណាមួយ”

ប្រទេសកម្ពុជាត្រូវបានពឹងផ្អែកលើវិស័យកសិកម្ម ហើយវិស័យនេះជាប្រភពចំណូលដ៏សំខាន់មួយ ដែល ៨០%បានមកពីសហគមន៍ដែលរស់នៅក្នុងទីជនបទ។ កម្មវិធីបណ្តុះបណ្តាល និងការអនុវត្តប្រកបដោយនិរន្តរភាពជួយដល់កសិករ និងសមាជិកសហគមន៍ឱ្យមានភាពជឿនលឿនទាន់សម័យ ស្របទៅនឹងសេដ្ឋកិច្ចដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។