លោកតា យូក យុន អាយុ ៧២ឆ្នាំដែលសព្វថ្ងៃរស់នៅជាមួយប្រពន្ធ និងចៅ ៤នាក់នៅភូមិរំចេក ស្រុកមោងឬស្សី។ ដោយសារជីវភាពក្រីក្រ និងការធ្វើការងារនៅមានកំរិត កូនៗរបស់គាត់ទាំងអស់បានធ្វើចំណាកស្រុកទៅប្រទេសថៃ ដើម្បីធ្វើការងារស៊ីឈ្មួលពលកម្ម ហើយបានទុកកូនតូចៗរបស់ពួកគេជាមួយលោកតាយុន និងភរិយា។

លោកតាយុន និងភរិយា បានដាំដំណាំបន្តិចបន្តួចដើម្បីចិញ្ចឹមចៅ ប៉ុន្តែក្រៅពីនេះពួកគាត់មិនមានថវិកាគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់សម្រាប់ចៅទៅសាលារៀន ឬចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃទេ។ លោកតាយុនបាននិយាយថា “ប្រពន្ធខ្ញុំ និងខ្ញុំចាស់ហើយយើងមិនអាចធ្វើការងារធ្ងន់ៗបានទៀតទេ ដូច្នេះយើងធ្វើការដាំដុះដើម្បីចិញ្ចឹមគ្រួសាររបស់យើង”។ ពេលខ្លះកូនៗ របស់គាត់មានលទ្ធភាពផ្ញើប្រាក់មកបន្តិចបន្តួចដល់ពួកគាត់ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីបញ្ជូនចៅទៅសាលារៀនទេ។

លោកតាយុន និងភរិយា បានចូលរួមជាសមាជិកនៃសមាគមមនុស្សចាស់ (OPA) នៅក្នុងភូមិរបស់ពួកគាត់ ហើយពួកគាត់បានស្នើសុំប្រាក់កម្ចីចំនួន ៤០ម៉ឺនរៀល​ (១០០ដុល្លាសហរដ្ឋអាមេរិច) ពីសមាគមដើម្បីពង្រីកការដាំដុះរបស់ពួកគាត់ ដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារ។ បន្ទាប់ពីទទួលបានប្រាក់កម្ចីពីសមាគមហើយ លោកតាបានប្រើវាដើម្បីទិញគ្រាប់ពូជបន្ថែមទៀតដើម្បី ដាំសណ្តែក ត្រកួន និងស្ពៃក្តោបនៅក្នុងសួនបន្លែដ៏តូចរបស់ពួកគាត់។ បន្ទាប់ពីដំណាំត្រូវបានប្រមូលផល គាត់ចាប់ផ្តើមទទួលបានប្រាក់ចំណូលទៀងទាត់ក្នុងចន្លោះពី ៥,០០០រៀលទៅ ៨,០០០រៀល (១.២៥ ទៅ ២ដុល្លាសហរដ្ឋអាមេរិក) ក្នុងមួយថ្ងៃអាស្រ័យលើរដូវកាល។

មួយឆ្នាំក្រោយមក លោកតាយុន អាចសងប្រាក់កម្ចីទាំងអស់ទៅឱ្យសមាគម ហើយអាចសន្សំប្រាក់បានគ្រប់គ្រាន់ ដើម្បីទិញថ្នាំនៅពេលមាននរណាម្នាក់នៅក្នុងគ្រួសារមានជំងឺ។ លោកតាក៏អាចមានលទ្ធភាពបញ្ជូនចៅៗរបស់គាត់ទៅសាលារៀន និងទិញសម្ភារៈសិក្សាសម្រាប់ពួកគេផងដែរ។ លោកតាបាននិយាយថា “សម្រាប់មនុស្សមានវ័យចាស់ដូចខ្ញុំ គ្មាននរណាហ៊ានផ្តល់ប្រាក់កម្ចីទេប៉ុន្តែសមាគមមនុស្សចាស់បានឲ្យខ្ញុំខ្ចី។ សមាគមមនុស្សចាស់មិនត្រឹមតែផ្តល់ប្រាក់កម្ចីឱ្យខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ជូនខ្ញុំឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការដាំដំណាំថែមទៀត ដែលអាចឱ្យខ្ញុំមានឱកាសបានរីកចម្រើនប្រកបដោយផ្លែផ្កា។ ខ្ញុំមានអារម្មណ៍កក់ក្តៅ និងរីករាយដែលបានក្លាយជាសមាជិកនៃសមាគមមនុស្សចាស់

ជាអកុសលនៅក្នុងប្រទេសកម្ពុជាមិនមានប្រព័ន្ធសោធនសង្គមទេ ដូច្នេះចំណូលរបស់មនុស្សចាស់ទទួលបានតែប្រាក់ឧបត្ថមពីគ្រួសារពួកគេប៉ុណោ្ណះ ដែលធ្វើឲ្យមនុស្សចាស់ជាច្រើនត្រូវបង្ខំចិត្តបន្តធ្វើការដើម្បីរក្សានូវសន្តិសុខនៃប្រាក់ចំនូលរបស់ខ្លួន។ សមាគមមនុស្សចាស់ បានជួយមនុស្សចាស់ឱ្យរៀននូវជំនាញសម្រាប់ផ្តល់ឱកាសឲ្យពួកគេអាចរកប្រាក់ចំនូលប្រកបដោយនិរន្តរភាព ដោយសមស្របតាមអាយុ និងឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចដែលកំពុងរីកចម្រើនផងដែរ។