លោកតា សេង វឿន អាយុ៧២ឆ្នាំ ជាជនពិការ នៅភូមិស្វាយជ្រុំ ស្រុកឯកភ្នំ។ លោកតាវឿន រស់នៅជាមួយកូន ៦នាក់ និងចៅ ៣នាក់ នៅក្នុងផ្ទះតូចមួយ។ លោកតាវឿន បានបាត់បង់ជើងទាំងសងខាង ដោយសារតែការផ្ទុះមីនក្នុងកំឡុងពេលសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៨៣។

ក្រុមគ្រួសាររបស់លោកតាវឿន គឺជាកសិករធ្វើស្រែចំការ ប៉ុន្តែវាទទួលបាននូវថវិកាតិចតួចណាស់សម្រាប់គ្រួសារ ហើយពេលខ្លះគ្មានសោះតែម្តង ដោយសារតែគ្រោះមហន្តរាយធម្មជាតិដូចជា ទឹកជំនន់ ឬព្យុះបំផ្លាញដំណាំ។ លោកតាវឿន បានបង្ហាញការព្រួយបារម្ភរបស់គាត់ថា “ខ្ញុំពិតជាព្រួយបារម្ភនៅពេលមានទឹកជំនន់ ឬព្យុះកើតឡើង នៅក្នុងភូមិពីព្រោះខ្ញុំជិះរទេះរុញ ដូច្នេះខ្ញុំមិនអាចចាកចេញពីផ្ទះបានទេ ហើយដំណាំរបស់ខ្ញុំនឹងត្រូវបំផ្លាញទាំងអស់”

លោកតាវឿន បានចូលរួមក្នុងសមាគមមនុស្សចាស់​ (OPA) នៅក្នុងភូមិរបស់គាត់នៅឆ្នាំ២០១៨ ហើយក្នុងនាមជាសមាជិកម្នាក់នៃសមាគមមនុស្សចាស់ លោកតាវឿន បានចូលរួមវគ្គបណ្តុះបណ្តាលលើកកម្ពស់ការយល់ដឹងស្តីពីសកម្មភាពកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ។ លោកតាបានប្រាប់ថា “ឥឡូវនេះខ្ញុំយល់ថា តើអ្វីទៅជាការកាត់បន្ថយគ្រោះមហន្តរាយ និងវិធីដើម្បីការពារវា ដោយសារតែការចូលរួមវគ្គបណ្តុះបណ្តាល ជាមួយសមាគមមនុស្សចាស់ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ”

សាកស្រមៃមើលថា មានទឹកជំនន់មកដល់ក្នុងភូមិ តើសហគមន៍គួរធ្វើអ្វី? មានបញ្ហាប្រឈមជាច្រើនសម្រាប់ជនងាយរងគ្រោះដូចជាមនុស្សចាស់ កុមារ និងប្រជាជនដែលមានពិការភាព។ លោកតាវឿន បានបញ្ជាក់ថា ឥឡូវនេះគាត់បានដឹងអំពីការអនុវត្តជាក់ស្តែងនៅក្នុងសហគមន៍ក្នុងស្ថានភាពទាំងនេះនៅពេលបានចូលរួមក្នុងសមយុទ្ធសាកល្បង “ខ្ញុំយល់ដឹងកាន់តែច្បាស់ពីវិធីការពារមុនពេល ក្នុងអំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយកើតឡើង ជាពិសេសសម្រាប់អ្នកដែលរស់នៅលើរទេះរុញដូចខ្ញុំ”

សមាគមមនុស្សចាស់បានដើរតួយ៉ាងសំខាន់ក្នុងការជូនដំណឹងដល់សហគមន៍ និងមនុស្សចាស់នៅក្នុងភូមិពេលណាមានគ្រោះមហន្តរាយកើតឡើង។ សមាគមក៏បានបង្កើតអនុគណៈកម្មការមួយដើម្បីគាំទ្រ និងឆ្លើយតបចំពោះគ្រោះមហន្តរាយណាមួយដែលកើតឡើងនៅក្នុងភូមិ។ “ឥឡូវខ្ញុំមានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាពជាងមុន នៅពេលចូលរួមជាមួយសមាគមមនុស្សចាសស់ ដោយដឹងថាមានអនុគណៈកម្មការ ហើយពួកគេកំពុងមើលថែរក្សាមនុស្សចាស់នៅពេលណាមានបញ្ហា ឬគ្រោះមហន្តរាយណាមួយកើតឡើង”