លោកតា ឡឹក សារ៉ន អាយុ៦៨ឆ្នាំ ដែលជាសមាជិកនៃគណៈកម្មការគ្រប់គ្រងក្រុមវ៉ាវ (WoW) នៅភូមិកំពង់ព្រះ ស្រុកសង្កែ។ លោកតាសារ៉ន បានចែករំលែកមកកាន់អង្គការមនុស្សចាស់កម្ពុជាថា លោកពិតជារំភើបណាស់ដែលបានជាប់ឆ្នោតជាសមាជិកគណៈកម្មការ និងបានចូលរួមសកម្មភាពរបស់ក្រុមវ៉ាវ។ លោកតាបានមានប្រសាសន៍ថា “គាត់បានយល់ដឹងអំពីការថែទាំសុខភាព និងការបង្កើនចំណេះដឹងអំពីជីវភាពរស់នៅ”

សមាគមមនុស្សចាស់របស់គាត់ត្រូវបានបង្កើតឡើងដំបូងនៅចុងឆ្នាំ២០១៧ ដែលដឹកនាំដោយមនុស្សចាស់ក្នុងភូមិ និងមានការគាំទ្រខាងបច្ចេកទេសពីអង្គការមនុស្សចាស់កម្ពុជា។ នៅដំណាក់កាលដំបូង សមាគមរបស់គាត់មិនអាចដំណើរការសកម្មភាពសម្រាប់ការកសាងសមត្ថភាពបានទេ គ្រាន់តែគាត់អាចគាំទ្រថវិកាសម្រាប់ពិធីបុណ្យសព ឬក្នុងឱកាសដ៏កម្រដូចជានៅពេលដែលមាននរណាម្នាក់ធ្លាក់ខ្លួនឈឺតែប៉ុណ្ណោះ។

ជាមួយនឹងការរីកចម្រើន និងការគាំទ្របន្ថែមពីអង្គការមនុស្សចាស់ ពួកគាត់ត្រូវបានជ្រើសរើសឱ្យក្លាយជាក្រុមវ៉ាវ (WoW) ផងដែរ ក្រុមវ៉ាវ តំណាងឱ្យសមាគមឆ្នើមដែលបានក្លាយជាអ្នកទ្រទ្រង់ខ្លួនឯង និងស្វែងរកមូលនិធិដោយខ្លួនឯង។ នេះគឺជាព័ត៌មានគួរជាទីត្រេកអរនៅក្នុងភូមិ នៅពេលដែលក្រុមវ៉ាវនេះ ត្រូវបានគេជ្រើសរើសឱ្យនៅក្នុងចំណែកមួយនៃគម្រោង SANA II ជាមួយអង្គការមនុស្សចាស់កម្ពុជា(HAC)។ លោកតាសារ៉នមានប្រសាសន៍ថា “ឥឡូវនេះយើងមានសកម្មភាពជាច្រើនដើម្បីគាំទ្រ និងជួយមនុស្សចាស់នៅក្នុងភូមិ ដូចជាការធ្វើលំហាត់ប្រាណ ការយល់ដឹងអំពីសុខភាព និងការពិនិត្យសុខភាព កម្មវិធីឥណទានខ្នាតតូច និងជីវភាពនៃការរស់នៅ”។ ដោយសារមានការគាំទ្រពីគម្រោង SANA II និងអង្គការមនុស្សចាស់កម្ពុជា បានធ្វើឲ្យមានការកើនឡើងនៃសមាជិកក្នុងសមាគម និងការចូលរួមក្នុងសកម្មភាពរបស់ក្រុមវ៉ាវថែមទៀតផង។

គណៈកម្មការក្រុមវ៉ាវ ជួយក្នុងការចែករំលែកចំណេះដឹងសំខាន់ៗ លើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សចាស់ និងការអនុវត្តតាមរយៈការប្រជុំ និងសកម្មភាពផ្សេងៗ។ លោកតាសារ៉ន បាននិយាយទៀតថា “ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមសកម្មភាពក្រុមវ៉ាវ (WoW) និងគាំទ្រដល់ប្រជាជនក្រីក្រ និងមនុស្សចាស់ដែលកំពុងជួបការលំបាកនៅក្នុងភូមិ”

លោកតាសារ៉ន បានលើកឡើងថា កាលពីមុនលោកមិនដែលយកចិត្តទុកដាក់ច្រើនចំពោះសុខភាព ការហាត់ប្រាណ និងកម្រទៅមណ្ឌលសុខភាពណាស់។ ប៉ុន្តែបន្ទាប់ពីគាត់បានទទួលការបណ្តុះបណ្តាលក្នុងក្រុមជួយខ្លួនឯងចំរុះជំនាន់(ISHC) និងវិធីសាស្រ្តនៃការថែទាំសុខភាព គាត់បានចាប់ផ្តើមអនុវត្តទម្លាប់ថ្មី ដូចជាការធ្វើលំហាត់ប្រាណទៀងទាត់ និងការតាមដានសុខភាពរបស់គាត់ជាប្រចាំ។ លោកតាបានមានប្រសាសន៍ថា “ខ្ញុំមានភាពសប្បាយរីករាយក្នុងការចូលរួមការធ្វើលំហាត់ប្រាណនេះ ក្រុមវ៉ាវរបស់យើងកំពុងចាប់ផ្តើមធ្វើលំហាត់ប្រាណប្រចាំសប្តាហ៍ ហើយខ្ញុំធ្វើលំហាត់ប្រាណនេះជារៀងរាល់ថ្ងៃនៅផ្ទះ។ ខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុន ពេលធ្វើលំហាត់ប្រាណទៀងទាត់ ហើយក្នុងរយៈពេល ៣ខែនេះ សូម្បីតែការបរិភោគ និងការសម្រាករបស់ខ្ញុំក៏កាន់តែប្រសើរដែរ។ សម្ពាធឈាមរបស់ខ្ញុំ គឺមានស្ថេរភាពជាងមុន” ។ ការធ្វើលំហាត់ប្រាណ និងការរួមបញ្ចូលមនុស្សចាស់ទៅក្នុងសង្គម និងសហគមន៍គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗ។ គ្រាន់តែសកម្មភាពតូចមួយ ដែលយើងត្រូវអនុវត្ត ២-៣ដងក្នុងមួយសប្តាហ៍ ដូចជាការដើរ ក៏អាចបង្កើនសុខុមាលភាពរបស់មនុស្សម្នាក់ៗបានដែរ។