លោកយាយឡាត អាយុ ៧២ឆ្នាំ ដែលសព្វថ្ងៃកំពុងរស់នៅជាមួយកូន ២នាក់ និងចៅ ៤នាក់នៅក្នុងផ្ទះសង្ក័សីចាស់មួយដែលមានទីតាំងនៅភូមិអន្សងសក ស្រុកឯកភ្នំ។

ស្ទើរតែពេញមួយជីវិតរបស់លោកយាយឡាត និងគ្រួសាររបស់គាត់បានរស់ដោយការផឹកទឹកភ្លៀង។ ទឹកភ្លៀងធ្លាក់ពីលើដំបូលស័ង្កសីចាស់នៃផ្ទះរបស់គាត់ ហើយហូរនាំច្រែះចាប់ និងធូលីដីកខ្វក់ចូលពាង។ “គ្រួសារខ្ញុំក្រីក្រ ហើយយើងមិនដែលស្គាល់ទេថាអ្វីទៅជាទឹកបរិភោគដែលមានសុវត្ថិភាព ហើយយើងក៏មិនមានសម្ថភាពទិញទឹកស្អាតសម្រាប់ប្រើប្រាស់បានដែរ។ យើងប្រើប្រាស់ទឹកភ្លៀងសម្រាប់ធ្វើចម្អិនអាហារ បោកគក់ ងូត ផឹក និងប្រើប្រាស់ចាំបាច់ផ្សេងៗទៀតនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង” ។

លោកយាយឡាត បានចែករំលែកថាការផឹកទឹកភ្លៀង គាត់ និងចៅៗ តែងតែឈឺពោះ ហើយពេលខ្លះមានស្ថានភាពធ្ងន់ធ្ងរដូចជាបណ្តាលឲ្យមានជម្ងឺគ្រុនពោះវៀនជាដើម។ ជម្ងឺទាំងនេះនឹងនាំមកនូវបញ្ហាកាន់តែច្រើនបន្ថែមទៀតដល់គ្រួសារ ព្រោះពួកគេត្រូវការរកប្រាក់បន្ថែមសម្រាប់ការព្យាបាល។ កូនៗរបស់គាត់លើកទឹកចិត្តគាត់ឱ្យដាំទឹកភ្លៀងមុនពេលបរិភោគ ប៉ុន្តែលោកយាយឡាតតែងតែមានអារម្មណ៍ថាភ័យខ្លាច នៅពេលចម្អិនអាហារ ឬក៏ដាំទឹក ខណៈពេលដែលគាត់ភ្លេចភ្លាំងច្រើន ហើយពេលខ្លះគាត់ទុកឱ្យភ្លើងកំពុងឆេះចោលនៅក្នុងផ្ទះបាយក៏មាន។ ដូច្នេះគាត់មានអារម្មណ៍ព្រួយបារម្ភថាអាចនឹងធ្វើឲ្យមានភ្លើងឆេះផ្ទះ “ខ្ញុំពិតជាខ្លាច រាល់ពេលចម្អិនម្ហូបអាហារសព្វថ្ងៃនេះ។ ខ្ញុំចាស់ណាស់ ហើយភ្លេចច្រើនទៀត ដូច្នេះខ្ញុំពិតជាខ្លាចធ្វើឲ្យមានភ្លើងឆេះផ្ទះណាស់”

បន្ទាប់ពី លោកយាយឡាតបានចូលរួមក្នុងសមាគមមនុស្សចាស់(OPA) នៅក្នុងភូមិរបស់គាត់ ក្នុងឆ្នាំ២០១៥ លោកយាយបានទទួលវគ្គបណ្តុះបណ្តាល និងការយល់ដឹងជាច្រើនអំពីការអនុវត្តទឹកស្អាត និងអនាម័យ ព្រមទាំងសកម្មភាពដែលត្រូវធ្វើនៅពេលមានគ្រោះមហន្តរាយកើតឡើង និងការថែទាំសុខភាពសម្រាប់មនុស្សចាស់។ ក្រោយពេលចូលរួមសមាគមមនុស្សចាស់ (OPA) លោកយាយឡាតក៏ទទួលបានធុងចម្រោះទឹកស្អាតពីគម្រោងផងដែរ។

ក្រោយពី លោកយាយឡាតបានបញ្ចប់វគ្គបណ្តុះបណ្តាលអំពីទឹកស្អាត និងអនាម័យលោកយាយចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ក្នុងជីវិតប្រចាំថ្ងៃដោយផឹកតែទឹកដែលមានសុវត្ថិភាពពីធុងចម្រោះទឹក ឬទឹកឆ្អិនល្អ។ លោកយាយឡាត ក៏អាចចែករំលែកចំណេះដឹងរបស់គាត់ជាមួយចៅៗ របស់គាត់ ដោយបង្រៀនពួកគេឱ្យលាងដៃមុនពេលញ៉ាំអាហារ និងសម្អាតបរិស្ថាននៅជុំវិញផ្ទះរាងរាល់ថ្ងៃ។ បន្ទាប់ពីពេលនោះមកយាយឡាត និងចៅៗ របស់គាត់មានអារម្មណ៍ថាមានសុខភាពល្អ ហើយឥឡូវនេះ ”ខ្ញុំចំណាយថវិកាតិចជាងមុនក្នុងការព្យាបាលសុខភាព។ ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយសមាគមមនុស្សចាស់ (OPA) ហើយសង្ឃឹមថាសមាគម នឹងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់មនុស្សចាស់ក្រីក្រដទៃទៀតនៅក្នុងភូមិទាំងមូល” ។ គាត់បានបន្ថែមទៀតថាសមាគមមនុស្សចាស់កំពុងតែត្រូវបានទទួលស្គាល់ និងកំណត់ថាជាតម្រូវការ របស់មនុស្សចាស់នៅក្នុងភូមិនីមួយៗ។ ដោយសារតម្រូវការខុសគ្នាពីភូមិមួយទៅភូមិមួយ ពីសមាគមមួយទៅសមាគមមួយ វាពិតជាមានសារៈសំខាន់ណាស់ដែលទាំងតំរូវការ និងដំណោះស្រាយទាំងនោះត្រូវបានកំណត់ដោយមនុស្សចាស់ ដើម្បីមនុស្សចាស់។