Health Care - Health-Based Care

កម្មវិធីថែទាំតាមផ្ទះរបស់អង្គការមនុស្សចាស់កម្ពុជា គឺជាគំរូមួយដែលមានប្រសិទ្ធភាព និងមាននិរន្តរភាពក្នុងការផ្តល់ការថែទាំនៅតាមផ្ទះសម្រាប់មនុស្សចាស់ដែលងាយរងគ្រោះ និងទន់ខ្សោយបំផុត។

សមាគមមនុស្សចាស់រៀបចំការថែទាំតាមផ្ទះតាមរយៈការបង្កើតឲ្យមានគណៈកម្មាការដែលជាអ្នកស្ម័គ្រចិត្តក្នុងភូមិ។ មនុស្សចាស់ដែលមានជម្ងឺ ទន់ខ្សោយខ្លាំង និងរស់នៅតែម្នាក់ឯងក្នុងសហគមន៍ត្រូវបានផ្គូរផ្គងជាមួយអ្នកស្ម័គ្រចិត្តក្នុងតំបន់ ដើម្បីផ្តល់ជំនួយវេជ្ជសាស្រ្ត និងថ្នាំពេទ្យ តាមរយៈការចុះសួរសុខទុក្ខតាមផ្ទះប្រចាំសប្តាហ៍។ សមាគមមនុស្សចាស់ជាង ៤០នៅទូទាំងខេត្តបាត់ដំបងនិងបន្ទាយមានជ័យបានផ្តល់សេវាថែទាំតាមផ្ទះដល់មនុស្សចាស់ប្រមាណ ៣០០នាក់ តាមរយៈអ្នកស្ម័គ្រចិត្តក្នុងសមាគមចំនួន ៣០០នាក់ ដែលភាគច្រើនពួកគេជាស្ត្រី។

អ្នកស្ម័គ្រចិត្តថែទាំតាមផ្ទះទទួលបានការបណ្តុះបណ្តាល និងហ្វឹកហាត់ក្នុងការធ្វើទំនាក់ទំនង​ ការថែទាំសុខភាពមនុស្សចាស់ ការយល់ដឹងពីអាហារូបត្ថម្ភ ការការពារពីការប៉ះទង្គិច ឬគ្រោះថ្នាក់ និងការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។ អាស្រ័យលើតំរូវការរបស់មនុស្សចាស់ សកម្មភាពថែទាំតាមផ្ទះអាចមានដូចជា ការចំអិនម្ហូបអាហារ ការលាងសំអាត(សម្លៀកបំពាក់ ឆ្នាំង ចាន…) ការងូតទឹក ការទិញឥវ៉ាន់ និងការជូនដំណើរពេលទៅវត្ត ឬទៅមណ្ឌលសុខភាពក្នុងមូលដ្ឋានជាដើម។

អត្ថប្រយោជន៍ចំពោះស្ត្រី និងបុរសវ័យចាស់ ដែលទទួលបានការយកចិត្តទុកដាក់តាមរយៈកម្មវិធីរួមមានការធ្វើឱ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្ត សុខុមាលភាព និងភាពជាដៃគូ។