លោកយាយ ប៊ុនថៃ អាយុ ៧៤ឆ្នាំ រស់នៅក្នុងភូមិនំក្រៀប ខេត្តបាត់ដំបង។ ស្រដៀងទៅនឹងមនុស្សចាស់ដ៏ទៃទៀតក្នុងប្រទេសកម្ពុជាដែរ លោកយាយថៃ គឺជាស្ត្រីមេម៉ាយរស់នៅជាមួយចៅ ៤នាក់របស់គាត់ ដោយសារកូនៗរបស់ពួកគាត់បានធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ។

លោកយាយថៃ បានចែករំលែកជាដល់ពួកយើងថា ជីវិតរបស់គាត់មានការលំបាក និងរវល់ខ្លាំងក្នុងការមើលថែចៅៗរបស់គាត់ និងគាំទ្រដល់អ្នកភូមិផ្សេងទៀតផងដែរ ព្រោះគាត់ក៏ជាមេភូមិមួយរូបផងដែរ។ លោកយាយមិនមានពេលវេលាដើម្បីថែរក្សាសុខភាពរបស់គាត់ទេ ហើយគាត់ក៏មិនអាចទៅពិនិត្យសុខភាពជាប្រចាំនៅមណ្ឌលសុខភាពបានដែរ លោកយាយបាននិយាយថា “ខ្ញុំមានជំងឺលើសឈាម ប៉ុន្តែខ្ញុំមិនមានពេលទៅមណ្ឌលសុខភាពទៀងទាត់ទេ ខ្ញុំមិនសូវខ្វល់ខ្វាយអំពីសុខភាពរបស់ខ្ញុំទេ ហើយខ្ញុំក៏មិនដែលធ្វើលំហាត់ប្រាណណាមួយដែរ”។ ម្ដងម្កាលលោកយាយផៃ ក៏បានបង្ហាញពីអារម្មណ៍ឯកកោ និងភាពកណ្តោចកណ្តែងរបស់គាត់ផងដែរ គាត់មានបំណងចង់និយាយ និងចែករំលែកការលំបាក ឬរឿងរ៉ាវខ្លះៗ របស់គាត់ជាមួយមនុស្សចាស់ដទៃទៀត ប៉ុន្តែពួកគាត់ភាគច្រើនរស់នៅក្នុងភូមិផ្សេងគ្នា។

ក្រោយពីបានចូលរួមក្នុងសមាគមមនុស្សចាស់(OPA)នៅក្នុងភូមិ គាត់ត្រូវបានគេបោះឆ្នោតជ្រើសរើសជាមេដឹកនាំក្រុមវ៉ាវ (WoW)។ លោកយាយថៃ យល់ឃើញថាការរស់នៅរបស់គាត់មានការផ្លាស់ប្តូរប្រសើរជាងមុន លើសពីនេះបានជួយដល់សុខុមាលភាពរបស់គាត់ផងដែរ។ ឥឡូវលោកយាយមានពេលវេលាដើម្បីជួប និងជជែកជាមួយមនុស្សចាស់ផ្សេងទៀដោយមានភាពសប្បាយរីករាយ ជាពិសេសការចូលរួមជាមួយកម្មវិធីហាត់ប្រាណរបស់ក្រុមវ៉ាវ (WoW)។ ហើយបច្ចុប្បន្នលោកយាយថៃ រឹតតែមានភាពងាយស្រួលក្នុងការពិនិត្យសុខភាពឲ្យបានទៀងទាត់ថែមទៀតផង។

លោកយាយ បានប្រាប់មកពួកយើងថា គាត់ពិតជារីករាយ និងរំភើបណាស់ដែលមានឱកាសបានចូលរួមការបណ្តុះបណ្តាលដ៏អស្ចារ្យរយៈពេល ៥ថ្ងៃ នៅក្នុងកម្មវីធីក្រុមជួយខ្លួនឯងចម្រុះជំនាន់(ISHC) ហើយលោកយាយបានរៀនសូត្រពីសកម្មភាពជាច្រើនពីកម្មវិធីដែលគាត់អាចធ្វើបានដើម្បីជួយខ្លួនគាត់ឲ្យមានអារម្មណ៍ធូរស្រាលរាល់ថ្ងៃ។ “ខ្ញុំចូលចិត្តកម្មវិធីនេះខ្លាំងណាស់ ដែលមានសកម្មភាពហាត់ប្រាណ លេងល្បែងថាមពល និងមានវគ្គបណ្តុះបណ្តាលពីជីវភាពនៃការរស់នៅ។ បន្ទាប់ពីការបណ្តុះបណ្តាលនេះខ្ញុំអាចប្រើប្រាស់លំនាំលំហាត់ប្រាណនេះជារៀងរាល់ព្រឹក”

ក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ លោកយាយថៃ យល់ថាសុខភាពរបស់គាត់កាន់តែរឹងមាំ បន្ទាប់ពីចាប់ផ្តើមធ្វើលំហាត់ប្រាណ​បានទៀងទាត់ និងផឹកទឹក EM។ សូម្បីតែសម្ពាធឈាមរបស់គាត់ក៏មានស្ថេរភាពជាងមុនដែរ។ លោកយាយថៃ បាននិយាយថា “ខ្ញុំមានអារម្មណ៍ថារឹងមំា និងប្រសើរជាងមុន នៅពេលហាត់ប្រាណរៀងរាល់ព្រឹក និងផឹកទឹក EM ហើយខ្ញុំបានចែករំលែកការអនុវត្តចំណេះដឹងនេះដល់សមាជិកក្រុមវ៉ាវ (WoW) របស់ខ្ញុំឲ្យអនុវត្តជាមួយគ្នារាល់ការប្រជុំប្រចាំខែ”

ស្របពេលសុខុមាលភាពកាន់តែប្រសើរឡើង លោកយាយថៃ បានស្វែងរកបទពិសោធន៍ថ្មីនៃការដាំត្រប់វែងជាមួយទឹកជី EM។ ប៉ុន្មានខែក្រោយមក លោកយាយថៃ បានសង្កេតឃើញថាត្រប់វែងរបស់គាត់ទទួលបានផ្លែផ្កាកាន់តែច្រើន បន្ទាប់ពីប្រើជី EM ដែលគាត់បានធ្វើ “ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញត្រប់វែងរបស់ខ្ញុំរីកលូតលាស់ល្អយ៉ាងលឿន និងពោពេញទៅដោយផ្លែផ្កា” ។ ហើយគាត់ក៏បានដាក់ EM ដែលបានធ្វើ លាយជាមួយទឹកសម្រាប់ផឹករៀងរាល់ថ្ងៃផងដែរ “ខ្ញុំបានដាក់ EM នេះលាយជាមួយទឹកសម្រាប់ផឹកជារៀងរាល់ថ្ងៃ”

ជារឿយៗ មនុស្សចាស់អាចក្លាយជាមនុស្សឯកកោ និងត្រូវបានគេឲ្យរស់នៅដាច់ឆ្ងាយពីគេ។ ជាពិសេសក្នុងករណីដែលមនុស្សចាស់ចាប់ផ្តើមមានបញ្ហាក្នុងការបំលាស់ទី ដោយសារភាពចាស់ជរាពួកគាត់ ច្រើនតែត្រូវបានកូនទុកចោលឲ្យនៅផ្ទះ ដោយកម្រនឹងបានចេញពីផ្ទះណាស់ ព្រោះក្រុមគ្រួសារគាត់មិនមានពេលវេលា និងលទ្ធភាពអាចជួយគាត់បាន ដោយពួកគេត្រូវធ្វើចំណាកស្រុកដើម្បីទៅធ្វើការ។ អង្គការមនុស្សចាស់ធ្វើការជាមួយមនុស្សចាស់មិនមែនត្រឹមតែធ្វើការស្វែងរកការគាំទ្រ ឬសន្តិសុខហិរញ្ញវត្ថុនោះទេ វាក៏ស្ថិតក្នុងន័យការដាក់បញ្ចូលគ្នារវៀងសហគមន៍ និងសង្គមផងដែរ។