មនុស្សចាស់នៅក្នុង ប្រទេសកម្ពុជា

មនុស្សចាស់នៅប្រទេសកម្ពុជា គឺជាអ្នកដែលរស់រានពីសង្គ្រាមជាងបីទសវត្សមកហើយ។ នៅប្រទេសកម្ពុជា មនុស្សចាស់ ១នាក់ ក្នុងចំណោម ៤នាក់ គឺរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ (១.២៥ដុល្លារក្នុងមួយថ្ងៃ) ហើយមនុស្សចាស់ជាង ៨០% រស់នៅតំបន់ជនបទ ជាមួយហេដ្ឋារចនាសម្ព័ន និងធនធានមានកំណត់។

មនុស្សចាស់នៅកម្ពុជាប្រឈមខ្លាំងនឹងភាពមិនចេះអក្សរ ជាពិសេសមនុស្សចាស់ដែលជាស្រ្តី។

មនុស្សចាស់ភាគច្រើនជាជនដែលងាយប្រឈមទៅនឹងបញ្ហាសុខភាព ដោយសារតែវ័យចាស់របស់ពួកគាត់ ហើយអាចបណ្តាលអោយធ្លាក់ចូលទៅពិការភាព បើសិនជាគ្មានការយកចិត្តទុកដាក់ណាមួយ។

មនុស្សចាស់ភាគច្រើនត្រូវបានផ្តាច់ខ្លួនចេញពីសង្គម និងត្រូវបានបោះបង់ចោលដោយកូនចៅ ឬកូនៗនៅពេលពួកគេធ្វើការ ចំណាកស្រុកដើម្បីស្វែងរកការងារ ឬពួកគាត់អាចត្រូវចាកចេញពីផ្ទះនៅពេលដែលមានសុខភាពទន់ខ្សោយខ្លាំង។

កម្ពុជាបច្ចុប្បន្ននេះមិនមានប្រាក់សោធននិវត្តន៍ ឬអត្ថប្រយោជន៍សង្គមសម្រាប់ប្រជាជនទូទៅដែលធ្វើការនៅឡើយ។ ដូច្នេះប្រព័ន្ធសុវត្ថិភាពនៅមានកម្រិតសម្រាប់ប្រជាជនវ័យចាស់កម្ពុជា ជាពិសេសនៅពេលដែលពួកគេមិនអាចពឹងពាក់សមាជិកគ្រួសារ និងមិនមានស្ថេរភាពហិរញ្ញវត្ថុស្របពេលដែលពួកគាត់មិនអាចធ្វើការបាន។ ដោយសារកង្វះស្ថេរភាពហិរញ្ញវត្ថុសម្រាប់មនុស្សចាស់ ពួកគាត់គ្មានជំរើសអ្វីក្រៅពីធ្វើការបន្តដើម្បីរកប្រាក់ចំណូលនោះឡើយ។ ជាទូទៅពួកគាត់ធ្វើការងារដែលពឹងផ្អែកដោយដៃ ដូចជាកសិកម្ម ការលក់ដូរតូចៗ និងលក់ផលិតផលនៅផ្សារជាដើម។ ៣០% នៃកសិករវ័យចាស់នៅកម្ពុជាគឺមានអាយុលើសពី ៧០ឆ្នាំ។

ប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងកំណើនប្រជាជនវ័យចំណាស់ ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងឆ្នាំ២០១៥​ ​ចំនួនប្រជាជនកម្ពុជាដែលមានអាយុ ៦០ឆ្នាំឡើង ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១.៣លាននាក់ ឬ​ ស្មើនឹង៨.៣% នៃចំនួនប្រជាជនសរុប។ ចំនួននេះត្រូវបានព្យាករណ៍ថា នឹងឈានដល់ ៥លាននាក់ នៅឆ្នាំ២០៥០ ឬ២១% នៃចំនួនប្រជាជនសរុប (​វិទ្យាស្ថានជាតិសិ្ថតិឆ្នាំ២០១៣)។ ទោះបីយ៉ាងណា​មនុស្សចាស់ក្នុងប្រទេសកម្ពុជា គឺជាក្រុមដែលត្រូវបានគេយកចិត្តទុកដាក់ ទាំងតម្រូវការពួកគាត់ និងមានការកោតសរសើរចំពោះការចូលរួមចំណែកដ៏មានតម្លៃរបស់ពួកគាត់ដល់សហគមន៍។