កម្មវិធីបង្កើតប្រាក់ចំណូល - ធនាគារស្រូវ

ធនាគារស្រូវគឺជាសហគ្រាសសង្គមមួយប្រកបដោយនិរន្តរភាព ដែលផ្តល់សន្តិសុខស្បៀងអាហារសម្រាប់មនុស្សចាស់ និងក្រុមគ្រួសាររបស់ពួកគេ។ ធនាគារស្រូវជាង ១០០ ត្រូវបានបង្កើតឡើងដោយអង្គការមនុស្សចាស់ចាប់តាំងពីឆ្នាំ ២០០៦។

ដើម្បីបង្កើតធនាគារស្រូវ អង្គការមនុស្សចាស់បានចូលរួមចែកស្រូវ ៤ ទៅ ៥ តោន និងផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទៅកាន់សមាគមនីមួយៗ។ កម្មវិធីធនាគារស្រូវនីមួយៗ ត្រូវបានគ្រប់គ្រងដោយសមាជិកសមាគមមនុស្សចាស់ក្នុងភូមិ។ ដើម្បីចូលរួមក្នុងកម្មវិធីធនាគារស្រូវ សមាជិកនីមួយៗបានចូលរួមចំណែកផ្តល់ស្រូវជាមធ្យម ៣០គ.ក្រ ក្នុងសមាជិកម្នាក់។

សមាជិកអាចខ្ចីគ្រាប់ពូជសម្រាប់ធ្វើកសិកម្ម ឬស្បៀងអាហារក្នុងអត្រាការប្រាក់ទាប។ ការប្រាក់ដែលទទួលបានពីការខ្ចីត្រូវបានប្រើដើម្បីបង្កើនកម្រិតស្តុកស្រូវ ការចំណាយរដ្ឋបាលសមាគមមនុស្សចាស់ និងគាំទ្រដល់សមាជិកក្រីក្រ និងអ្នកងាយរងគ្រោះ។

សមាជិកធនាគារស្រូវមិនចាំបាច់ខ្ចីគ្រាប់ពូជ និងស្រូវពីអាជីវកម្មខ្នាតតូចផ្សេងទៀត ដែលមានអាត្រាការប្រាក់ខ្ពស់ពីខាងក្រៅភូមិ ទៀតទេ។ ហើយវាក៏បង្កើតឲ្យមានសកម្មភាពសេដ្ឋកិច្ចនៅក្នុងភូមិផងដែរ។

នៅពេលដែលសមាជិកធនាគារស្រូវស្លាប់សមាជិករបស់ពួកគេត្រូវបានផ្ទេរទៅឱ្យសាច់ញាតិបន្ទាប់របស់ពួកគេហើយ អនុគណៈកម្មការធនាគារស្រូវបានចូលរួមចំណែកជាសាច់ប្រាក់ និងស្រូវ ១០០គ.ក្រ ក្នុងពិធីបុណ្យសពរបស់ពួកគេ។