Tree Planting Event In The Occasion Of "World Elder Abuse Awareness Day 15 June"

តំណាងសមាគម និងសហព័ន្ធមនុស្សចាស់ចំនួន៥០នាក់ ដែលមកពីតំបន់ផ្សេងៗ ក្នុងខេត្តបាត់ដំបង បានធ្វើការជួបប្រជុំគ្នាកាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នាពេលកន្លងទៅថ្មីៗនេះ ដើម្បីជជែកពិភាក្សាអំពីការរៀបចំប្រារព្ធ “ទិវាលើកកម្ពស់ការយល់ដឹង ប្រយុទ្ធប្រឆំាងការរើស​អើង​ទៅលើមនុស្សចាស់ពិភពលោក និង កំណត់អំពីបញ្ហាប្រឈម និងភាពងាយរងគ្រោះរបស់មនុស្សចាស់ទៅនឹងការបម្រែបម្រួលអាកាសធាតុ ។

សម្រាប់ឆ្នាំនេះ សមាគមមនុស្សចាស់បានផ្តួ​ច​ផ្តើមរៀបចំប្រារព្វទិវានេះ ដោយផ្សារភ្ជាប់ទៅនឹងទិវាបរិស្ថាន និង ការដាំកូនឈើ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្សចាស់ បង្កើនការយកចិត្តទុកដាក់អំពីបញ្ហាបរិស្ថាន និង ការចូលរួមដំាកូនឈើ ដើម្បីការពារបរិស្ថាន និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ពីការបម្រែបម្រួលអាកាសធាតុ ។ ពិធីនេះនឹងប្រព្រឹត្តទៅ នៅក្នុងបរិវេណវត្តព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ក្រោមធិបតីយភាព ឯកឧត្តមអភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបង ដែលមានមនុស្សចូលរួមប្រមាណ៣០០នាក់ ដើម្បីអបអរក្នុងពិធីនេះ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ មនុស្សចាស់ជាច្រើនបានលើកឡើងអំពីបញ្ហាគ្រោះមហន្តរាយដែលធ្លាប់កើតមាននៅក្នុងតំបន់ដែលពួកគាត់រស់នៅដូចជា បញ្ហាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្រ្តាក់ រន្ទះបាញ់​ ដែលគ្រោះធម្មជាតិទាំងអស់នេះកើតឡើងស្ទើររៀងរាល់ឆ្នាំ និងបានបំផ្លេចបំផ្លាញផលដំ​ណាំ​កសិកម្ម ស្រែចំការ និងមុខរបរចិញ្ចឹមជីវិតរបស់ពួកគាត់  ដែលជាហេតុបណ្តាលអោយមនុស្សចាស់ងាយធ្លាក់ទៅក្នុងភាពងាយរងគ្រោះ​ និង ប្រឈមទៅនឹងភាពក្រីក្រ ។ តាមរយះកិច្ចប្រជុំនេះក៏បានបញ្ជាក់អោយដឹងដែរថា គ្រួសារដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ ភាគច្រើនជាគ្រួសារដែលមានសមាជិកជាមនុស្សចាស់ និង កុមារ។

លោកស្រី ច្រែង រ៉េត អាយុ ៥៦ ឆ្នាំ តំណាងសមាគមមនុស្សចាស់មកពីភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានមានប្រសាសន៍ថា​ ភាគច្រើនអ្នកដែលងាយទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយ គឺមនុស្សចាស់ ដោយសារពួកគាត់មានការពិបាកនៅក្នុងការបម្លា​ស់​ទីទៅរកទីទួលសុវត្ថិភាពនៅពេលមានគ្រោះមហន្តរាយកើតឡើង និងងាយប្រឈមទៅនឹងបញ្ហាសុខភាព និងខ្វះស្បៀងអាហារសម្រាប់បរិភោគ ដោយសាររស់នៅតែឯង រឺកូនចៅធ្វើចំណាកស្រុកទៅឆ្ងាយ ។

សមាគមមនុស្សចាស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការក្នុងការចូលរួមចំណែកក្នុងសកម្មភាពកាត់​បន្ថយ​ផលប៉ះពាល់នានាពីការប្រែប្រួលអាកាសធាតុ និង គ្រោះមហន្តរាយធម្មជាតិតាមរយះការបង្កើតអោយមានអនុគណៈកម្មាធិការទទួលបន្ទុកការងារគ្រោះមហន្តរាយនៅតាមភូមិ ដើម្បីចុះផ្សព្វផ្សាយដល់សហគមន៌ពីវិធានការបង្ការ និង កាត់បន្ថយកផលប៉ះពាល់នានាពីគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមានឡើង ។ នាពេលកន្លងមក សមាគមមនុស្សចាស់បានចុះជួយអន្តរាគមន៌ និងជូនដំណឹងទៅដល់អាជ្ញាធរពាក់ព័ន្ធ​នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ព្រមទាំងជួយគៀងគរថវិការ និងជំនួយសង្រគោះបន្ទាន់​ដើម្បីជួយទៅដល់គ្រួសាររងគ្រោះ ។

សមាជិកសមាគម ព្រមទាំងមនុស្សចាស់ទាំងអស់បានអំពាវនាវសុំអោយរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍទាំងអស់ ជួយផ្តល់ការគាំទ្រ និងអន្តរាគមន៍តាមរយះ

–       រៀបចំប្រព័ន្ធបង្ហូរទឹក និងស្តារប្រលាយនៅតាមសហគមន៍ដើម្បីបញ្ជៀសទឹក និងស្តុកទឹកនៅពេលមានគ្រោះមហន្តរាយកើតឡើង

–       កសាងសមត្ថភាពនិងផ្តល់មន្រ្តីជំនាញ ក្នុងការផ្សព្វផ្សាយដល់សហគមន៍អំពីវិធានការបង្ការ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និង គ្រោះមហន្តរាយ

–       អាជ្ញាធរភូមិ-ឃុំ គួរមានការត្រៀមស្បៀងបម្រុង និងសំភារៈសម្រាប់ជាជំនួយសង្រ្គោះបន្ទាន់

–       ជួយរៀបចំ និងកំណត់ទីតាំងទីទួលសុវត្ថិភាពជាមុនដល់ប្រជាជននៅក្នុងសហគមន៍មុនពេលមានគ្រោះទឺកជំនន់កើតឡើងនៅតាមភូមិ ឃុំនិមួយៗ

–       អាជ្ញាធរភូមិ-ឃុំគួរត្រៀមថវិការសម្រាប់ឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើងនៅតាមមូលដ្ឋាន

រៀបចំប្រព័ន្ធផ្តល់ព័ត៌មានរហ័សដើម្បីជូនដំណឹងរាល់ពេលដែលអាចកើតមានគ្រោះមហន្តរាយ